រាជធានីភ្នំពេញ៖យុវជនម្នាក់ដោយសារតែខឹងនឹងសង្សារ ជិះម៉ូតូជាមួយប្រុសផ្សេងបានជិះម៉ូតូឌុបមកលោតទឹក សម្លាប់ខ្លួននៅស្ពានជ្រោយចង្វាដើម្បី បញ្ចប់ជីវិតកាលពីវេលាម៉ោង ១៣នឹង៤០នាទីរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣ប៉ុន្តែមិនស្លាប់ដូចបំណងនោះទេ ដោយសារនគរបាលប្រចាំគោលដៅ ជួយសង្គ្រោះទាន់ពេលវេលា ។
ជនរងគ្រោះ មានឈ្មោះ កែវ ចាន់រិត ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរជាជាងឈើ ស្នាក់នៅផ្ទះលេខ៩ ភូមិ២ សង្កាត់បឹងកក់២ ខណ្ឌ ទួលគោក ចំណែកសង្សាររបស់គេដែលចោទថាក្បត់ចិតខ្លួននោះឈ្មោះ កែវ ស្រីវិន អាយុ២០ឆ្នាំ ជាអ្នករត់តុក្នុងហាងមួយ នៅម្តុំផ្សារសូរិយា មានស្រុកកំណើតក្នុងខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅកន្លែងធ្វើការ។ យុវជនរងគ្រោះបានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យគេគិតខ្លីមកលោតទឹកនេះដោយសារសង្សារក្បត់ចិត្ត ខ្លួន ព្រោះកន្លងមកថ្មីៗនេះគេបានឃើញសង្សាររបស់គេជិះម៉ូតូជាម៉ូយប្រុស ផ្សេង។
ដោយសារ តប់ប្រម៉ល់ពេក ខ្លួនខឹងយ៉ាងខ្លាំង មិនដឹងធ្វើយ៉ាងម៉េច ក៏សម្រេចចិត្តជិះម៉ូតូឌុប អស់តម្លៃ ៣០០០រៀលមកលោតទឹកតែម្តង ប៉ុន្តែមិនស្លាប់ដោយសារមានប៉ូលិសជួយទាន់។ ដោយឡែកនារី ជាសង្សារបានឲ្យដឹងថា ខ្លួនបានស្រឡាញ់គ្នាច្រើនខែមកហើយ តែមិនទាន់បានរៀបការនោះទេ ហើយនៅថ្ងៃកើតហេតុ ខ្លួនមិនបានដឹងថាប្រុសស្នេហ៍គិតខ្លីមកលោតទឹកសម្លាប់ទេ តែត្រូវបានប៉ូលិសទូរស័ព្ទប្រាប់ថាសង្សារមកលោតទឹកនៅលើស្ពាន ជ្រោយចង្វារសម្លាប់ខ្លួននាងក៏មកជួបភ្លាមៗ ៕